ឫស្សីមានពីរក្រុមធំៗ គឺក្រុមឫស្សីស្រុក និងក្រុមឫស្សីព្រៃ។ ​​ឫស្សីព្រៃ​ដុះដោយធម្មជាតិច្រើនប្រភេទដូចជា ឫស្សីឃ្លៃ, ឫស្សីព្រេច, ឫស្សីត្រាច់, ឫស្សីរលៀក, ឫស្សីថ្ង, ឫស្សីទ្រនំមាន់ និងម្យ៉ាងទៀតហៅថាឫស្សីព្រៃតែម្តង។ ក្នុងបណ្តាប្រភេទឫស្សីដែលរៀបរាប់មកនេះ គេនិយមប្រើឫស្សីឃ្លៃ និងឫស្សីព្រៃច្រើនជាងគេ ដ្បិតវាមានសាច់រឹងល្អ។

 

ឫស្សីព្រៃប្រើលើផ្នែកផ្សេងៗក្នុងខ្ទមចាំចម្ការ

វត្ថុប្រើប្រាស់ធ្វើពីឫស្សីព្រៃ

ឫស្សី​ឃ្លៃ​មាន​ដើម​តូច​ទំហំ​ប៉ុន​កដៃ​កូន​ក្មេង និងមានប្រហោងកណ្តាលតូចងាយស្រួលពត់ អាចប្រើការជាគ្រឿងសំណង់ផ្ទះដូចជាមេជញ្ជាំង, បង្កង់ និងស្នួរកណ្តុរ (បើសំណង់ធំហៅថាផ្លាន) ជាដើម។ ចំណែក​ឫស្សី​ព្រៃ​មាន​ដើម​ធំ ហើយរូបរាងដូចគ្នាទាំងស្រុកនឹងដើមឫស្សីស្រុក ខុសត្រង់តែមានបន្លានៅដៃប៉ុណ្ណោះ។ ឫស្សី​ព្រៃ​អាច​ប្រើការជាប្រយោជន៍បានច្រើនបែបណាស់រាប់តាំងពីដើម, ស្លឹក, ទំពាំងនិងដៃរបស់វា។ ស្លឹក​ឫស្សី​ព្រៃ​អាច​យកមកស្ងោរធ្វើជាថ្នាំផ្សំនឹងស្លឹកឫស្សីស្រុក, ស្លឹកពោល្យំ និងស្លឹក​បាយ​ម៉ាន​ឲ្យ​ស្ត្រី​សរសៃ​ខ្ចី​ដែល​ទើប​នឹង​ឆ្លងទន្លេរួចឆ្ពង់មុខ។ គេក៏អាចយកស្លឹកនិងដៃខ្ចីៗរបស់ឫស្សីព្រៃ ឲ្យគោស៊ីបំបាត់អាការៈរាកបានដែរ។ បើក្នុងផ្នែកសំណង់និងគ្រឿងប្រើប្រាស់វិញ គេអាចយកដើមឫស្សីព្រៃធ្វើជាជញ្ជាំងផ្ទះ ឬជង្រុកស្រូវ, ក្រាលជារនាប, ធ្វើជាគ្រែអង្គុយ, កាទឹក, បំពង់ចង្កៀង និងរបស់របរប្រើប្រាស់ផ្សេងទៀតតាមដែលអាចឆ្នៃបាន។

This slideshow requires JavaScript.

របៀបធ្វើបន្ទះឫស្សី

បន្ទះឫស្សីខាងខ្នង និងខាងពោះ ក្រោយដំរួច

ដោយ​ឡែក ចំពោះការយកដើមឫស្សីព្រៃធ្វើជាជញ្ជាំង ឬក្រាលជារនាប គេត្រូវរើសរក​ដើម​ណាធំ​និង​ត្រង់​ល្អ។ បន្ទាប់មក ទើបគេ​លះមែកនិងថ្នាំងឲ្យឫស្សីនោះឲ្យ​ស្អាត រួចទើបយកពូថៅមកកាប់ចោះៗ ឬហៅថា «សាប់» គ្រប់​ថ្នាំង​ទាំងអស់តាមបណ្តោយសាច់​ឫស្សី​ដោយ​លៃទុក​ចន្លោះ​ពីមុខ​ពូថៅ​មួយទៅ​មុខ​ពូថៅ​មួយ​ទៀត​ប្រមាណ​ទំហំ​ប៉ុនម្រាមដៃ ឬតូចជាងនេះតាមចិត្តចង់។ ពេលសាប់ថ្នាំងរួចហើយ គេចាប់ពុះបំបែក​ពន្លា​ពី​ចុង​ម្ខាង​ទៅម្ខាងទៀត រួចទើបផ្កាប់ផ្នែកខាងពោះទៅដីហើយដើរសង្កត់​ ឬដំពីលើដើម្បីឲ្យឫ​ស្សីលាត​មុខ​ធំនិងស្មើល្អ។ ប្រសិនបើគេចង់បានបន្ទះកាន់តែធំ គេត្រូវសាប់ថ្នាំងផ្នែកខាង ពោះ​ឲ្យ​កាន់​តែញឹក។ ដើមឫស្សីដែលមានទំហំតូចល្មម ពេលដំជាបន្ទះទៅអាច​បាន​មុខ​កាត់​ទទឹង​ប្រមាណ​១តឹកកន្លះ ឯដើមធំវិញអាចបានរហូតដល់៣តឹក។ បើគេប្រើបន្ទះនោះធ្វើជាជញ្ជាំងផ្ទះធម្មតា គេ​ដាក់​បន្ទះ​ឫស្សីខាងក្រៅមេជញ្ជាំងដោយផ្កាប់ពោះចូលក្នុងហើយចងខ្សែឬវាយដែកគោលពីលើ។ ដោយ​ឡែក​បើ​ធ្វើ​ជាជញ្ជាំងជង្រុក គេដាក់បែរពោះឫស្សី​ចេញ​មក​ក្រៅ​ផ្ទប់ជាប់​នឹងមេជញ្ជាំងឲ្យខ្នងបែរចូលក្នុងទៅវិញ​។ ដើម្បីឲ្យឫស្សីនោះគង់ជាប់បានយូរ មុនពេលយក មកប្រើ​គេត្រូវ​យក​ទៅដាក់​ត្រាំ​ទឹកចោលមួយរយៈសិន។ ដូចបុរាណចំណាំថា “ឫស្សីនឹងទឹក ផ្ចឹក​នឹងដី”៕

សូមអាន និង​ស្វែង​យល់​បន្ថែម៖

១-ឫស្សីព្រៃ http://www.yosothor.org/publications/khmer-renaissance/chapter-five/ruesey-prey.html

២-ជនជាតិក្រវិត និង​ការ​ប្រើប្រាស់ឫស្សី http://www.yosothor.org/publications/khmer-renaissance/chapter-five/jun-jeat-krovit-ning-kar-brer-bras-reusey.html

*បញ្ជាក់៖ អត្ថបទខាងលើជាសេចក្តីសង្ខេបនៃ “ឫស្សីព្រៃ” ខ្ញុំធ្លាប់ផ្សាយក្នុង “បណ្តាញព័ត៌មាន​វប្បធម៌ខ្មែរ”។